Loading...

ខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម គ្រោងនឹងរៀបចំអភិវឌ្ឍន៍ទីតាំងប្រាសាទព្រះធាតុទួលបាសាន ដែលគេជឿថាជាកន្លែងហ្លួងព្រះស្តេចកនបានឡើងសោយរាជ្យបច្ចុប្បន្នស្ថិតក្នុង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឲ្យក្លាយទៅជាតំបន់ទេសចរណ៍។

លោកស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងថា អាជ្ញាធរខេត្តគ្រោងនឹងរៀបចំទីតាំងប្រាសាទព្រះធាតុទួលបាសានដែលបច្ចុប្បន្នស្ថិតនៅភូមិស្យាអំពិល ឃុំបារាយណ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឲ្យក្លាយទៅជាកន្លែងកម្សាន្តដ៍ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

លោកបន្តថា តំបន់ប្រាសាទបុរាណមួយនេះគឺមានទីតាំងស្ថិនៅជិតនឹងទំនប់ប្រព័ន្ធធារាសាស្រ្តដ៍ធំមួយដែលទើបនឹងស្ថាបនារួចមានឈ្មោះថាទំនប់បឹងវាម។ រីឯនៅតាមខ្នងទំនប់នោះអាជ្ញាធរខេត្តកំពង់ចាមក៍ គ្រោងនឹងដាំកូនត្នោតចំនួនជាង៥ពាន់ដើមនៅពេលខាងមុខដើម្បីរួមចំណែកបង្កើនសោភ័ណភាពនៅទីនោះឲ្យបានក្លាយជាតំបន់ទេសចរណ៍នៅពេលខាងមុខ។ លោក អ៊ឹម ស៊ីថុល ប្រធានការិយាល័យវប្បធម៌និងវិចិត្រសិល្ប:ស្រុកស្រីសន្ធរបានឲ្យដឹងថាប្រាសាទព្រះធាតុទួលបាសាន គឺជាប្រាសាទបុរាណមួយដែលមានក្បូរក្បាច់រចនាយ៉ាងល្អឯក។

ក្នុងនោះមានដូចជារូបទាញព្រ័ត្រ និងរូបគោសមុទ្រទឹកដោះជាដើម។ យោងតាមការសិក្សាស្រាវជ្រាវពីឯកសារនានាបានបង្ហាញឲ្យដឹងថាប្រាសាទនេះ គឺមានប្រវត្តិជាប់ពាក់ព័ន្ធទៅនឹងរឿងហ្លួងព្រះស្តេចកនឡើងគ្រងរាជ្យសម្បត្តិក្នុងព្រះជន្ម២៩ ព្រះវស្សា នាគ្រឹះសករាជ១៥១២ ដល់ ១៥២៥។

លោកបន្តថា ប្រាសាទព្រះធាតុទួលបាសាននេះបច្ចុប្បន្នគឺស្ថិតនៅចម្ងាយប្រហែលជា២គីឡូម៉ែត្រពីទំនប់ធារាសាស្រ្តបឹងវាមមានប្រវែងជាង ៨គីឡូម៉ែត្រដែលក្រសួងធនធានទឹកនិងឧតុនិយមទើបតែស្ថាបនារួចដើម្បីរក្សាទឹកសម្រាប់ប្រជាពលរដ្ឋចំនួន ៥ឃុំក្នុងស្រុកស្រីសន្ធរប្រើប្រាស់។ លោកបន្ថែមថា ប្រាសាទបុរាណមួយនេះទើបបានចុះក្នុងបញ្ជីបេតិកភណ្ឌជាតិនៅពេលថ្មីៗកន្លងមក។ ប្រាសាទនេះក៍ស្ថិតក្នុបញ្ជីប្រាសាទដែលនឹងត្រូវជួលជុលដើម្បីសង្គ្រោះបន្ទាន់របស់ក្រសួងវិប្បធម៌និងវិចិត្រសិល្ប:ផងដែរ។

ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរជាពិសេសអ្នករស់នៅជុំវិញតំបន់នោះសង្ឃឹមថា បន្ទាប់ពីប្រាសាទព្រះធាតុទួលបាសានបានជួសជុលរួចរាល់ហើយអាជ្ញាធរខេត្តបានដាំកូនត្នោតដែលមានចំនួនដល់ទៅជាង៥ពាន់ដើមរួចរាល់នោះសង្ឃឹមថា នៅតំបន់នេះនឹងក្លាយជាតំបន់ទេចចរណ៍ធម្មជាតិដ៍ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត៕ អត្ថបទ៖ភោគសម្បត្តិ

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...