Loading...

ប្រាសាទភ្នំជើងព្រៃ (ភ្នំជ័យគិរី)

ភ្នំហាន់ជ័យមានឈ្មោះជាផ្លូវការថា ភ្នំជ័យគិរី នេះបើតាមសំណៅឯកសារសិលាចារឹក។ ភ្នំហាន់ជ័យមានទីតាំងស្ថិតនៅទិសខាងកើតនៃខេត្តកំពង់ចាមប៉ែកខាងជើងទន្លេមេគង្គ។ រមណីដ្ឋាន នេះស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម មានចម្ងាយ១៨គ.ម តាមផ្លូវទឹក និង២០គ.ម ពីផ្លូវគោកពីទីរួមខេត្តកំពង់ចាម។          ភ្នំហាន់ជ័យមានកំពស់ ៦៣ម ដោយមានកាំជណ្តើរស្អាតល្អ ចំនួន ២៩៥កាំ។ នៅលើភ្នំនេះមានព្រះវិហារ និងក្រុមប្រាសាទហាន់ជ័យ ដែលត្រូវបានកសាងឡើង នៅលើកូនភ្នំហាន់ជ័យនេះតែមួយ តែមានកាលបរិច្ឆេទផ្សេងៗគ្នា។ ក្នុងចំណោមប្រាសាទឥដ្ឋនិងថ្ម ជាច្រើនដែលមិនអាចកំណត់ចំនួនឲ្យប្រាកដ គឺមានតែប្រាសាទ៣ប៉ុណ្ណើ ដែនៅរក្សារូបរាងបានល្អ។ ក្រៅពីនេះគេឃើញមាននៅសល់តែតួ និងគ្រឹះឥដ្ឋ នៃសំណង់ប្រាសាទបុរាណតែប៉ុណ្ណោះ។

ក្រុម​ប្រាសាទ​ទាំងនោះ ត្រូវបាន​កសាង​ឡើង​ក្នុង​អន្តរកាល​សម័យ​នគរ​ភ្នំ​និង​ចេនឡា។   ​យើង​អាច​ទៅ​មក​កាន់​ក្រុម​ប្រាសាទ​ហាន់ជ័យ តាមរយៈ​ផ្លូវ​ទឹក​ដោយ​ជិះទូក​និង​តាម​ផ្លូវគោក​ចេញពី​ទី​រួម​ខេត្ត​កំពង់ចាម ។​​    ​ថ្មីៗ​នេះ រដ្ឋាភិបាល​ខ្មែរ បាន​ជុស​ជុល​ប្រាសាទ​ហាន់ជ័យខាងជើង​ហៅ​ប្រាសាទ គុកព្រះធាតុ តាម​សំណូមពរ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។    នេះ​ជោគ​ជ័យ​មួយ គួរឲ្យ​កត់សម្គាល់​ដែល​មាន​រូប​យើង​ជា​អ្នកស្នើនៅ​ឆ្នាំ ១៩៩៤ ។​

១. ប្រាសាទ​ហាន់ជ័យ ខាងជើង ​(​ប្រាង្គ​ទី​១) ហៅ​ប្រាសាទគុកព្រះធាតុ​

​ ប្រាសាទ​ហាន់ជ័យ ហៅ​ថា​គុក​ខាងជើង​ឬ​គុក​ព្រះ​ធាតុ និង​អ្នកខ្លះ​ហៅ​ថា​ប្រាសាទនាងខ្មៅ​ត្រូវបាន​សាងសង់​ឡើង នៅក្បែរ​ដង​ទន្លេមេគង្គ នៅលើ​ចង្កេះភ្នំ​ហាន់ជ័យ ។ ដោយសារ​បូជនីយដ្ឋាន ដ៏​សំខាន់​នេះ​មាន​លក្ខណៈ​ស្រដៀង នឹង​អាស្រម​មហា​ឥសី នៅ​ស្រុក​អង្គរបុរី​ទើបបានជា​យើង​ចូល​បញ្ចូល​ប្រាសាទ​នេះ ក្នុង​សម័យកាល​នគរ​ភ្នំ ។ មាន​ប្លង់​ការេ​ហើយ​សាងសង់ឡើង ដោយ​ថ្មពពុះ​ពណ៌​ប្រផេះ ប្រាសាទ​នេះ មាន​ទំហំ ៧ ម៉ែត្រ ៤ ជ្រុង នី​មួយៗ​ប្រវែង ៤.៥ ម៉ែត្រ និង​កំពស់ ៥ ម៉ែត្រ ស្ថិតក្នុង​សភាព​ទ្រុឌទ្រោម ។ សព្វថ្ងៃនេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កំពុង​ជួសជុល​វិមាន​ប្រវត្តិសាស្ត្រ​នេះ តាមរបៀប anaslylose ដោយ​ចុះ​លេខ​រៀង​ថ្ម​នីមួយៗ នៃ​ប្រាសាទ​ហើយ​ផ្តុំ​រៀប​ឡើង​វិញ​ឲ្យ​ដូចដើម ។ ថវិការ​ជួសជុល​គឺ​ឧ​ប​ត្ត​ម្ភ​ដោយ​សហរដ្ឋអាមេរិក ។

​    ​ ប្រាសាទ​ដ៏​ល្អ​វិចិត្រ​នេះ បែរមុខ​ទៅ​ទិស​ខាងកើត​ហើយ​មាន​ទ្រង់ទ្រាយ​ដូច​ប្រាសាទ​អាស្រម​មហាឥសី ដែល​ស្ថិត​លើ​ភ្នំ​ដា ក្នុង​ខេត្ត​តាកែវ សាងសង់​ឡើង​ក្នុង​សម័យ​អន្តរកាល​រវាង​នគរ​ភ្នំ និង​ចេនឡា ពោល​គឺ​ស​.​វទី៦នៃ​គ​.​ស។​​    ​កាល​បើ​ឈរលើ​ទីតាំង​ប្រាសាទ ដ៏​ចំណាស់​នេះ គេ​ពិតជា​នឹកឃើញ​ទេសភាពដ៏​ស្រស់បំព្រង​គួរ​ឲ្យ​រំភើបចិត្ត​យ៉ាង​ក្រៃ​លែង​ ពុំខាន ។​

​ កាលពី​ថ្ងៃ ២៨ ខែ​សីហា ឆ្នាំ ២០០៧ កម្មករ​បាន​ជីក​រកឃើញ​រូបចម្លាក់​ព្រះ​គោ​ន​ន្ទិះ​មួយ​អម​ទ្វារ​ប្រាសាទ ។ គោ​ន​ន្ទិន​នេះ ដែល​ជា​យានជំនិះ​របស់​ព្រះ​ឥសូរ​ដ៏​មាន​មហិទ្ធឫទ្ធិ គង់​លើ​ភ្នំ​ពែ​ស ក្នុង​ជំនឿ​ខ្មែរ​បុរាណ​នោះ មាន​បណ្តោយ ៩១ ស​.​ម កំពស់ ៤ ស​.​ម និង​ទទឹង ២៧ ស​.​ម ។​​    ​សព្វថ្ងៃ​ពាហនៈ របស់​ព្រះ​ឥសូរ​នេះ ត្រូវបាន​យក​ទៅ​តម្កល់​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​កំពង់ចាម ។​
​    ​តាម​ការ​ដំណាល​របស់​អ្នកភូមិ ប្រាសាទគុកព្រះធាតុ ដើមឡើយ​មាន​តម្កល់​នូវ​ចម្លាក់​របស់​ព្រះអាទិទេព​ស្រី​មួយ​ព្រះអង្គ ដែល​គេ​ឲ្យឈ្មោះ​ថា​នាង​ខ្មៅ ។ ចម្លាក់​បុរាណ​នេះ ធ្វើ​អំពី​ផ្លើម​ថ្ម​ខ្មៅ ត្រូវ​ពួកចោរ​លួច​យកទៅ​លក់​ឲ្យ​បរទេស​បាត់ទៅ មុន​ឆ្នាំ ១៩៦០ ។ រូបចម្លាក់​នេះ​បើ​ដំណាល​នេះ​ជា​ការពិត​នោះ គឺ​ពិតជា​តំនាង​ឲ្យ​ព្រះ​តំណាងឱមា​យ៉ាង​ប្រាកដ ។​    ​ ប្រាសាទ​ហាន់ជ័យ ខាងជើង​ទី ១ ហៅ​ប្រាសាទគុកព្រះធាតុ ស្ថិត​នៅ​ចង្កេះភ្នំ​ចម្ងាយ​ប្រមាណ ៦០០​ម ស្ថិតនៅ​ខាងជើង​ប្រាសាទ​ហានជ័យ​ខាងជើង​ទី​២ ។

​ បើ​តាម​ការអះអាង​របស់​ចាស់​ទុំ​នៅ​ស្រុក​នេះ ផ្ទៃ​ខាងក្នុង​គ្មាន​ការតុបតែង​អ្វី​ឡើយ ក្រៅពី​រូបចម្លាក់​តំណាង​ព្រះ​នាង​ឱ​មា ឬ​នាង​ខ្មៅ នឹង​សោម​សូត្រ​សម្រាប់​បង្ហូរ​ទឹកមន្ត ។​​    ​ ទ្រង់ទ្រាយ​ដំបូល​រាង​កោង​ជា​ថ្នាក់ៗ​តួ​ប្រាសាទ​ត្រូវបាន​ សាងសង់​លើ​ខឿន​មួយ ដ៏​រឹងមាំ ដែលមាន ៣ ថ្នាក់​ដោយ​ថ្នាក់​នីមួយៗ មាន​រចនា​ជា​ក្បាច់​អង្កែ ព័ន្ធ​ជុំវិញ​ទម្រង់​មុខ​មនុស្ស មាន​ពាក់​ក្រវិល​ធំៗ​ដូច​នៅ​ប្រាសាទ​អាស្រម​មហាឥសី​នៅ​សម្បូរ​ព្រៃ​គុក​លេខ N17 ។​    ​នៅ​គ្រប់​ជាន់​ថ្នាក់​នីមួយៗ នៃ​ដំបូល​ប្រាសាទ​មាន​ឆ្លាក់​ក្បាច់​សសៀរ​នៅ​ខាងចុង​និង​ក្បាច់​អង្កែ​នៅ​ ខាង​ចុងក្បាល​ ។​

​    ​ ចំណុច​សម្គាល់​មួយទៀត គឺ​មាន​ក្បាច់​ផ្តែរ​ជា​ក្បាច់​រំលេច ដោយ​រំយោល​កម្រងផ្កា​និង ចំ​កណ្តាល​មាន​ឆ្លាក់​ជា​មេដាយ ដែល​មាន​រូប​ជា​ផ្កា ។ រីឯ​នៅ​ខាងចុង​ផ្តែរ​វិញ លំអ​ដោយ​សត្វ ម្ករ បែរមុខ​ចូលក្នុង ។​

​    ​ ចំពោះ​សសរ​ពេជ្រ​ដែលមាន​រាង មូល​ឆ្លាក់​មូល​ដោយ​មាន​ដុំ​នៅ​ផ្នែក​ខាងលើ​បង្កើតជា​ក្បាលសសរ​រំលេច ដោយ​ត្របកឈូក​និង​មាន​កង​វ័ណ្ឌ​បី​ព្រមទាំង​ក្បាច់​ភ្ញី ។ នៅ​ចំ​កណ្តាល​សសរ​ពេជ្រ មាន​ក្បាច់​ជា​កង​ឬ​ចិញ្ចៀន​នៅ​ចន្លោះ​ក្បាច់​ជា​រាង​ធ្មេញ​រណារ ។​

​    ​ រមណីយដ្ឋាន ភ្នំ​ហាន់​ជ័យ មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ ដោយហេតុ​ថា​ទីតាំង​នេះ​ជា​ទី​ប្រតិស្ឋាន​ប្រាសាទបុរាណ​ខ្មែរ នា​សម័យ​បុរេ​អង្គរ​ជា​ច្រើន ដូច្នេះ​ការ​រក​ឃើញ​ចម្លាក់​ព្រះ​គោ​ធ្វើឲ្យ​អ្នកស្រុក​ជឿ​ថា​គោ​ផុស ហើយ​ពួកគាត់​ក៏​ម្នីម្នា​រក​ទឹកមន្ត ដើម្បី​លាបមុខ​លាប​ប្រាណ ឲ្យមាន​សិរីមង្គល​សិរីសួស្តី ។​

​    ​ គោ​នេះ​ជា​ពាហនៈ ឬ​យានជំនិះ​របស់​ព្រះ​ឥសូរ​ដ៏​មហិ​ទិ្ធ​រិទ្ធ​ដែល​គង់​លើ​ភ្នំ​កៃលាស ក្នុង​ជំនឿ​ខ្មែរ​បុរាណ​គេ​ជឿ​ថា គោ​នេះ​ប្រកប​ដោយ​ឫទ្ធានុភាព បានជា​គេ​គោរព​សក្ការៈ ។ ធម្មតា​គេ​ឆ្លាក់​គោ​ន​ន្និនដាក់​អម​ទ្វារ​ប្រាសាទ (Cf: ព្រះ​គោ​, បាគង​) ទូ​ទាំង​ប្រទេស តាម​បុរាណ​ស្ថាន​នានា​បែប​សិវ​និយម ដែល​ធ្វើ​អំពី​ថ្មភក់​សំរិទ្ធ​មាស ។

​    ​កាលពី​ថ្ងៃ​ទី ២៨ ខែ​សីហា ២០០៧ កម្មករ​ជួសជុល​ប្រាសាទភ្នំ​ហាន់ជ័យ បាន​ជីក​ប្រទះ​ឃើញ​រូបចម្លាក់​នេះ ។​

​    ​ ចំពោះ​អ្នកស្រុក ការរកឃើញ​នូវ​ចម្លាក់​បុរាណ​នេះ គឺ​ជាប្រ​ថ្នូល​នៃ ស្រុកទេស​បាន​សុខ សន្តិភាព ពេញលេញ​បរិបូរណ៍​ហើយ ខ្លះ​ជឿថា បង​ព្រះ​កែវ​ដែល​សៀម​ចាប់​យក​ទៅ ឃុំ​ទុក​នៅ​សៀម​ឥឡូវ​ផុស​មក​ស្រុក​វិញ នៅ​ប្រាសាទគុកព្រះធាតុ ។​    ​តាមពិត​ប្រាសាទ​ហាន់ជ័យ ជា​ក្រុម​ប្រាសាទ​មាន​ប្រាង្គ​ពីរ​ដាច់ឡែក​ពីគ្នា។ តែ​​សព្វ​ថ្ងៃ​ត្រូវ​រលំ​រាប​ដល់​ដី​ទៅហើយ ។ ការសន្និដ្ឋាន ​ បែប​នេះ បណ្តាលមកពី​សំណង់​ស្ថាបត្យកម្ម​មួយចំនួន ដែល​គេ​បាន​ជួបប្រទះ​នៅលើ​ទីតាំង ក្បែរ​ប្រាសាទ​ទី​១ មាន​ក្បាច់​ផ្កាឈូក​លំអ​កំពូល​ប្រាសាទ​ដូចគ្នា ដូចដែល​មាន​នៅ​ប្រាសាទ​អាស្រម​មហាឥសី​នៅ​ខេត្ត​កែវ ។

​២. ​ប្រាសាទ​ហាន់ជ័យ ​(​ខាងជើង​)​ ប្រាង្គ​ទី​២

​    ​ ការសិក្សា​ប្រៀបធៀប​ខាង​ស្ថាបត្យកម្ម​ធ្វើឲ្យ​យើង​ដឹងថា ប្រាសាទ​ហាន់ជ័យ​ខាងជើង​នេះ​ត្រូវបាន​សាងសង់​ឡើង​ក្នុង​សម័យកាល​ជាមួយគ្នា និង​អាស្រម​មហាឥសី​នៅ​សម្បូរ​ព្រៃ​គុក ។ ស្ថិត​ចម្ងាយ​ប្រមាណ​ជា ៣០​ម៉ែត្រ ខាងជើង​នៃ​ព្រះវិហារ​កូន​ប្រាសាទ​នេះ​មាន​រាង​ជា​បន្ទប់​តូច​មួយ​ធ្វើ​អំពី​ ថ្ម​ភក់ សម្រាប់​ភាវនា​ធម៌​ដោយ​ពួក​តាបស​ឥ​សី ។ ​    ​ដូច​ប្រាសាទ​ហាន់ជ័យ​ហៅ​គុក​ព្រះ​ធាតុ​ខាងជើង​ទី​១​ដែរ ប្រាសាទ​ហាន់ជ័យ​ទី​២ បែរមុខ​ទៅ​ទិស​ខាងកើត​ពោលគឺ​បែរមុខ​ទៅរក​ទន្លេមេគង្គ ។

​    ​ថ្វី​ត្បិត​តែ​ប្រាសាទ​នេះ​មាន​ទំហំ​ប្រមាណ​ ២,១០​ម៉ែត្រ ៤​ជ្រុង​ស្មើ ​ក៏ប៉ុន្តែ​មាន​រាង​សមសួន​សង្ហា​អស្ចារ្យ​ហើយ​គយគន់​មិន​ឆ្អែត​ភ្នែក​ឡើយ ។​​     ​ ពាក់ព័ន្ធ​នឹង​ការសាងសង់​ប្រាសាទ​នេះ គេ​អាច​និយាយបាន​ថា ដូច​អាស្រម​មហា​ឥសី កូន​ប្រាសាទ​របស់​យើង​ត្រូវ​បាន​កសាងឡើង ដោយ​ការ​តម្រៀប​គ្នា​ឲ្យ​ជិត​នូវ​ផ្ទាំង​ថ្ម​ទាំង​បី​ផ្ទាំង ។ ជ្រុង​ខាងកើត​គឺជា​ក្លោងទ្វារ ជ្រុង​បី​ទៀត គឺ​ខាងលិច ត្បូង និង​ជើង​ត្រូវ​បាន​បិទ​ជិត ។​    ​សូមជម្រាបថា ផ្ទាំង​ថ្ម​នី​មួយៗ​មាន​ប្រវែង ០,៧០ ម៉ែត្រ, កំពស់ ២,១០ ម៉ែត្រ ឬ​ធំ​ជាង​បន្តិច​តែប៉ុណ្ណោះ ។​

​    ​ ក្លោងទ្វារ​ខាងកើត គឺជា​ក្លោងទ្វារ​តែមួយគត់​ចូលទៅក្នុង​ប្រាសាទ​ដ៏​តូច​នេះ ដែល​លំអ​ដោយ​សសរ​ពេជ្រ​ទាំងមូល នៅ​ទាំងសងខាង​ទ្ររក្បាច់​ផ្តែរ​មួយ​ស្ថិតនៅ​ពី​លើ ។ ក្បាច់​ផ្តែរ​នេះ​តំណាង​ឲ្យ​ទេវកថា​បែប​ព្រហ្មណ៍​និយម​គឺ​ការប​ង្កើ​ត​លោក ។ នៅទីនេះ​ក្បាច់​ផ្តែរ​តុបតែង​ដោយ​មេដាយ​ជា​ក្បាច់​ផ្កា​នៅ​កណ្តាល​អម​ដោយ​ ព្រះ​វិស្ណុ ផ្ទុំ​លើ​នាគ​ទាំងសងខាង ។ សូមជម្រាបថា ក្នុង​ប្រព័ន្ធ​សាសនា​បុរាណ​នាគរាជ​ក្បាល​៥ តំណាង​ឲ្យ​ទឹក​នៃ​មហាសាគរ អ្វី​ដែល​មាន​ពិពណ៌នា​ក្នុង​ព្រះគម្ពីរ​បុរាណ​ឥណ្ឌា ។​
​    ​បើ​សំអាង​លើ​រូបថត​ឯកសារ យើង​អាច​ដឹង​ទៀត​ថា ប្រាសាទ​បែប​ហាន់ជ័យ​ខាងជើង​នេះ​មាន​យ៉ាងតិច​ក៏​២ ឬ​៣​ដែរ តែ​ឥឡូវនេះ​នៅសល់​តែ​ផ្ទាំង​ថ្មភក់​ធំៗ ដូចជា ស៊ុម​ទ្វារ ទ​ម្រ ឬ​បល្ល័ង្ក​តម្កល់​ទេវរូប ឬ​ព្រះ​សី​វ​លិង្គ​នៅ​រាយប៉ាយ​ដេរដាស​ជុំវិញ​បូជនីយដ្ឋាន​នេះ ។​

​     ​ ជុំវិញ​ផ្នែក​ខាងក្រោម​នៃ​ប្រាសាទ​លំអ​ដោយ​ក្បាច់​ផ្កា និង​សត្វ​អច្ឆរិយៈ​ដែល​មាន​លក្ខណៈ​សំយោគ​រវាង​សត្វ និង​រុក្ខជាតិ ។ រីឯ​លើ​ក្លោងទ្វារ​ចូល​ប្រាសាទ​គេ​ឃើញ​មាន​ក្បាច់​ផ្តែរ​មួយ តំណាង​ឲ្យ​ព្រះ​វិ​ស្ណុ​ផ្ទុំ​លើ​ខ្នង​នាគរាជ​ក្នុង​ទេវ​កថា​ព្រហ្មញ្ញសាសនា ​ដែលជា​និមិត្តរូប នៃ​ការបង្កើត​លោក ។ យ៉ាងណាមិញ​លក្ខណៈ​ពិសិដ្ឋ​របស់​ទេវស្ថាន​នេះ ក៏​អាច​គូសបញ្ជាក់​តាមរយៈ​សំណង់​វិមានអាកាស​តូចៗ​ពីរ ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​បំផុត​ហាក់​កំពុង​ទ្រ​ប្រាសាទ​នេះ ដោយ​រំលឹក​សាសនិកជន​ថា ពួកគេ​កំពង់ស្ថិត​លើ​ស្ថានសួគ៌ ។

៣. ប្រាសាទ​ហាន់ជ័យ ហៅ​ប្រាសាទ​គុក​ខាងត្បូង​

​    ​ បែរមុខ​ទៅ​ទិស​ខាងកើត​ប្រាសាទ​គុក​ខាងត្បូង​ធ្វើ​អំពី​ឥដ្ឋ​ហើយ​ មាន​កំពស់​ប្រមាណ​ជា ១៥ ម៉ែត្រ ។ ប្រាសាទ​បុរេ​អង្គ​នេះ មាន​ប្លង់​រាង​ការ៉េ​ដោយ​ជ្រុង​នី​មួយៗ​មាន​ប្រវែង ៦,៤ ​ម ។ ដូច​ប្រាសាទ​ក្នុង​កាលសម័យ​នោះដែរ ប្រាសាទ​របស់​យើង​មាន​ទ្វារ ៤ តែ​មាន​ទ្វារ​ខាងកើត​ទេ​ដែល​ជា​ទ្វារ​ពិត​ឯ​ទ្វារ​បី​ទៀតគឺជា​ទ្វារ​បញ្ជោត។​    ​ក្លោងទ្វារ​នេះ នៅសល់​តែ​ទ្វារ​ទេ រីឯ​ផ្តែរស​សរពេជ្រ ត្រូវបាន​ជន​ទុច្ខរិត​លួចបាត់​ទៅ​ហើយ។​​    ​ ស៊ុមទ្វា​រទាំង​ពីរ​នៅ​ប្រាសាទ​ហាន់ជ័យ ហៅ​ប្រាសាទ​សិលា​ខាងត្បូង​មាន​ចារិក ជា​ភាសាសំស្ក្រឹត ។ នៅ​ស៊ុមទ្វា​រទាំង​ខាងជើង​ដែល​មាន​កំពស់ ១,១៩​ម មាន​តួអក្សរ​សំស្ក្រឹត ៣៥ បន្ទាត់ និង​ខាងត្បូង កំពស់ ០,៥០​ម មានតែ ១២ បន្ទាត់​ទេ ។​​    ​ ខ្លឹមសារ​នៃ​សិលា​ចារិក នៅ​ប្រាសាទ​ហាន់ជ័យ​នេះ ត្រូវបាន​បកប្រែ​កាលពីដើម ស​.​វ​ទី ២០ ដែល​រៀបរាប់​ពី​ព្រិត្តិការណ៍ ក្នុង​រដ្ឋ​កាល​របស់​ព្រះបាទ​ភ​វ​វរ្ម័នទី ពោល​គឺ​ស្ថិត​ក្នុង​អម្លុង​ស​.​វ​ទី ៦ និង​ទី ៧ នៃ​គ​.​ស ។

 

​​៤. ប្រាសាទ​ឥដ្ឋ​នៅខាងត្បូងព្រះវិហារ

​ នៅខាងមុខ​ព្រះវិហារ​យើង​បានឃើញ គំនរ​ឥដ្ឋ​មួយ​ដែល​បង្ហាញ​បញ្ជាក់​នូវ​ទីតាំង​នៃ​ប្រាសាទ ឥដ្ឋ​ចាស់​មួយ​ដែល​រលំ​បាត់ទៅហើយ ក៏​ប៉ុន្តែ​បាន​បន្សល់​សសរ​ពេជ្រ​មួយនា​សម័យ​បុរេ​អង្គរដ៏​ល្អ​ស្អាត ។​     ​ វត្ត​មាន​និង​លក្ខណៈ​នៃ​រចនាបថ​របស់​សស​រ​ពេជ្រ​នេះ ធ្វើឲ្យ​យើង​អាចកំណត់​អាយុនៃ​បូជនីយដ្ឋាន​បាក់បែក​នេះ ដែល​ស្ថិត​ក្នុង​រចនាបថ​សម្បូ​រ​ព្រៃ​គុក​យ៉ាង​ពិតប្រាកដ ។

៥. ប្រាសាទអណ្តូង​ព្រេង​

​     ​ នៅ​ជ្រុង​ខាងកើត​ឆៀង​ខាងជើង​ព្រះវិហារ គេ​ឃើញ​មាន​ប្រាសាទ​ឥដ្ឋ​មួយទៀត​ដែល​បាក់បែក ខ្ទេចខ្ទាំ​នៅសល់តែ​គ្រឹះ​ប្រាសាទ​និង​ចំ​កណ្តាល អណ្តូង​មួយ​ដែល​អ្នក​ជឿថា​អណ្តូង​ព្រេង​បុរាណ ។​​    ​ចាស់ៗ​រស់នៅ​ក្បែរ​ភ្នំ​ហាន់ជ័យ​ជឿថា នា​សម័យ​បុរាណ​គេ​ទម្លាក់​ដូង​ទុំ ក្នុង​អណ្តូង​នេះ ដូង​អណ្តែត​ចេញ​ទៅ​ទន្លេមេគង្គ។​     ​តាមពិត​ទឹក​ដែល​ចេញពី​អណ្តូង នេះ​មាន​ប្រភព​ចេញពី​ដី​សម្រាប់​ប្រើប្រាស់ ក្នុង​ពិធី​កម្មសាសនា​ព្រា​ហ្ម​ហ៍ ។​​    ​វត្តមាន​របស់​អណ្តូង​ចំ​កណ្តាល ប្រាសាទ​ក៏​ជា​សញ្ញា​បង្ហាញ​នូវ​លក្ខណៈ ដ៏​ពិសិដ្ឋ​របស់​ទេវ​ស្ថាននេះដែរ ។​​    ​ តាម​ជំនឿ​អរូបីយ៍​គេ​ជឿ​ថា​ភ្នំ​ហាន់ជ័យ នេះ​ជា​កន្លែង​ស័ក្តិ​សិទ្ធ​ណាស់ ព្រោះ​ជា​លំនៅស្ថាន​របស់​ព្រលឹង​ដូនតា​ដែល​ថែរក្សា​ប្រាសាទ​បាក់បែក​ទាំងនោះ ៕

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...