Loading...

ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinopharm និង Sinovac បានបង្ហាញទិន្នន័យសុវត្ថិភាពពីវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន ហើយពេលនេះ WHO កំពុងទទួលស្គាល់ប្រសិទ្ធភាពវ៉ាក់សាំងទាំងពីរនេះ ។

លោក Alejandro Cravioto បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា ក្រុមអ្នកជំនាញ SAGE នៃ WHO សង្ឃឹមថានឹងចេញអនុសាសន៍ស្តីពីការប្រើប្រាស់វ៉ាក់សាំងទាំងនោះនៅចុងខែមេសានេះ ។

លោក Cravioto បាននិយាយថា វាមានប្រសិទ្ធភាពប្រហែល ៥០ ភាគរយ ឬលើស ៧០ ភាគរយ ហើយជាការពិតពួកគេមានទិន្នន័យសុវត្ថិភាពទាំងអស់ដើម្បីបង្ហាញថា វ៉ាក់សាំងនេះនឹងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនៅពេលប្រើនោះទេ ។

ទន្ទឹមនោះអ្នកនាំពាក្យអង្គការសុខភាពពិភពលោកលោកស្រី Margaret Harris បាននិយាយកាលពីដើមខែនេះថា វ៉ាក់សាំង Sinopharm និង Sinovac អាចទទួលបានការចុះបញ្ជីបន្ទាន់របស់អង្គការសុខភាពពិភពលោកឆាប់ៗនេះ” ។

មិនមានទិន្នន័យប្រសិទ្ធភាពលម្អិតនៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Sinopharm ត្រូវបានចេញផ្សាយជាសាធារណៈទេ ប៉ុន្តែក្រុមហ៊ុនបុត្រសម្ព័ន្ធជីវសាស្ត្រជាតិចិន (CNBG) បាននិយាយថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៧៩.៣៤ ភាគរយក្នុងការការពារមនុស្សពីការវិវត្តនៃជំងឺនេះផ្អែកលើទិន្នន័យបណ្តោះអាសន្ន ។ វាត្រូវបានអនុម័តប្រើប្រាស់នៅក្នុងប្រទេសជាច្រើនរួមមានប្រទេសចិន ប៉ាគីស្ថាន និងអារ៉ាប់រួម ។

ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac បានបង្ហាញពីប្រសិទ្ធភាពចន្លោះ ៥០.៦៥ ភាគរយ និង ៨៣.៥ ភាគរយដោយផ្អែកលើការសាកល្បងពីប្រេស៊ីល ទួរគី និងឥណ្ឌូនេស៊ី ខណៈវ៉ាក់សាំងផលិតនៅប្រទេសចិនទាំងពីរនេះមានតម្រូវការខ្ពស់មែនទែនពីប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ៕

ប្រភព ៖ kampucheathmey

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...