រថយន្ត KIA ស៊េរីឆ្នាំ២០១៦ មួយគ្រឿង ខណៈអ្នកបើកបរស្រវឹងបានបើករថយន្តជ្រុលទៅប៉ះនឹងរបងរោងចក្របណ្តាលអោយរងការខូចខាត អ្នកបើកបរមិនព្រមឈប់បានបើករត់ក៏ជ្រុលទៅកៀរនឹងម៉ូតូស្មាសមួយគ្រឿងទៀតដែលជិះដោយម្តាយ និងកូនតូចម្នាក់បណ្តាលអោយរងរបួស ហើយនៅតែព្យាយាមបើករត់ទៀត ។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ទុលមុខនឹងស៊ីឡាំងហួរ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ហើយឃាត់ខ្លួនបាននៅជិតផ្ទះសំណាក់ ត្នោតជ្រុំ ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តម៉ាក KIA ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-1133 បានបើកចេញពីផ្លូវបេតុងក្នុងភូមិ ឡើងមកផ្លូវ៣៧១ តែខណៈកំពុងបើកបរដោយសាតែអ្នកបើកបរស្រវឹងផងនោះ ទើបបណ្ដាលរថយន្តរេចង្កូតទៅបុកនឹងរបងរោងចក្របណ្តាលអោយរងការខូចខាតរថយន្តផ្នែកខាងមុខចំហៀងខាងស្តាំ ។
ភ្លាមនោះអ្នកបើកបរ ភ័យពេកក៏បានបើករត់គេចឡើងផ្លូវ៣៧១ក្នុងទិសដៅពីលិចទៅកើតក៏ជ្រុលទៅកៀរនឹងម៉ូតូម៉ាកស៊ុយស៊ូគីស្មាសរ៉េវ៉ូ ពណ៌ខ្មៅ ដែលជិះដោយម្តាយ និងកូនស្រីតូច អាយុ៤ឆ្នាំ បណ្តាលអោយខ្ទាតក្មេងចេញពីម៉ូតូរងរបួសយ៉ាងដំណំ ទាំងម្តាយ និងកូន ។
ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសនោះទេ គឺព្យាយាមបើករថយន្តរត់គេចខ្លួនរហូតដល់ផ្ទះសំណាក់ ត្នោតជ្រុំ ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ ទើបមានអ្នកដំណើរដេញឃាត់រថយន្ត និងអ្នកបើកបរបាន ព្រមទាំងហៅសមត្ថកិច្ចអោយមកជួយអន្តរាគមន៍ផងដែរ ។
បន្តិចក្រោយមកក្នុងហេតុការណ៍នេះដែរគេឃើញមានបក្សពួកខាងរថយន្តបង្កបានបើករថយន្តមួយគ្រឿងទៀតមករំដោះអ្នកបើកបរ ស្រវឹងហើយបង្កគ្រោះថ្នាក់ចេញពីកន្លែងកើតហេតុបាត់ ។
ក្រោយពេលកើតហេតុឃើញមានតំណាងភាគីខាងរថយន្តបានមកសម្របសម្រួលគ្នាជាមួយនិងខាងម៉ូតូរងគ្រោះដោយសុខចិត្តទទួលខុសត្រូវព្យាបាលម្តាយ និងកូនដើម្បីបញ្ចប់រឿង ៕
Cr: កោះសន្តិភាព