Loading...

«វាជាលើកទីមួយហើយដែលខ្ញុំបានបើកភ្នែកធំៗ ស្តាប់ការបកស្រាយដ៏ពិស្តាររបស់ លោកស្រី ង៉ីន ផល្លីណា ស្តីអំពីព្រះបាទជ័យវរ័ន្មទី៧ ហើយរឿងទាំងអស់នេះ ភាគច្រើនគឺយើងមិនធ្លាប់បានលឺពីមុននោះទេ។» នេះជាសម្តីរបស់និសិ្សតឆ្នាំទី៥ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល ឃឹម ណាំហ្គេច  ជាមួយទឹកមុខដ៏រំជើបរំជួល បន្ទាប់ពីបានអង្គុយយ៉ាងយកចិត្តទុកដាក់នៅក្នុងបន្ទប់តូចល្មមមានគ្មាប្រហែលជា៤០នាក់ស្តាប់បថកថាមួយ ត្រូវបានរៀបចំឡើងដោយលោកស្រី ង៉ីន សុផលី្លកា អ្នកនិពន្ធសៀវភៅ «ត្រីក្សត្រ» ជាលទ្ធផលស្រាវជ្រាវរយៈពេល៤ឆ្នាំរបស់លោកស្រីដ៏ចម្រូងចម្រាសក្នុងការដោះប្រស្នាអំពីក្សត្រកម្ពុជាដ៏ល្បីល្បាញបីព្រះអង្គនាសម័យអង្គរ គឺព្រះបាទជ័យវរ្ម័នទី៧ រួមនិងព្រះអគ្គមហេសីទាំងពីរព្រះអង្គរបស់ទ្រង់គឺព្រះនាងជ័យរាជទេវី និងព្រះនាងឥន្រ្ទទេវី។ លុងលក់ទៅក្នុងអតីតកាល រយៈពេលប្រហែលជាងពីរម៉ោង យើងហាក់ត្រូវមន្តសន្តំឲត្រឡប់ទៅមើលហេតុការណ៍ដែលប្រហែលជាបានកើតឡើងពិតមែននៅរវាងសតវត្សទី១២។

ចាប់តាំងពីការធ្វើឲសុបិនអំពី «អង្គរ» បានរស់ឡើងវិញដោយលោក ហេនរី ម៉ូហូថ (Henri Mouhot) អ្នករុករក និងជាធម្មជាតិវិទូជាតិបារាំងសេសម្នាក់តាមរយៈអត្ថបទ «ដំណើរឆ្ពោះទៅកាន់ប្រទេសសៀម កម្ពុជា និងឡាវ ក្នុងអំឡុងឆ្នាំ១៨៦០មក រឿងនិទានអំពីអរិយ្យធម៌របស់អទិទេពនៅអង្គរបន្តិចម្តងៗបានភ្ជាប់ទៅនឹងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមិនត្រូវបានគេយកមកពិភាក្សាវែកញែកក្បោះក្បាយអំពីព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រស្ថាបនិកទីក្រុងអង្គរធំ ឫយសោធបុរៈ ជាទីក្រុងដ៏ធំបំផុតលើលោកមុនការធ្វើបដិវត្តន៍ឧស្សាហកម្មនៅឡើយ។ ខ្លឹមសារសិលាចារិករបស់ប្រាសាទតាព្រហ្មហាក់បានចង្អុលបង្ហាញពីវីរៈភាពរបស់ព្រះកម្តែងអញ ឫព្រះបាទជ័យវរ្ម័នទី៧ថាមានសន្តតិវង្សតពីវង្សក្សត្ររបស់កម្វុជទេស (កម្ពុជា) តាំងពីសម័យនគរភ្នំមកម៉្លេះ។ ដោយឡែកមកទល់នឹងពេលបច្ចុប្បន្ននេះ យើងមិនទាន់បានប្រទះឃើញសិលាចារិកណាមួយនៅអង្គរនិយាយដល់ការចូលទិវង្គត់របស់ទ្រង់ដូចការរៀបរាប់អំពីទ្រង់កាលព្រះអង្គនៅមានព្រះជន្មនៅឡើយទេ ហើយអ្នកប្រវត្តិសាស្ត្រនៅតែដាក់សំនួរអំពីការបាត់ព្រះកាយ ឫជួនកាលគ្រាន់តែសន្មត់ថា ព្រះអង្គបានសុគតក្នុងមូលហេតុមិនច្បាស់លាស់។

បំយាមបកស្រាយពីការសុគតរបស់ព្រះបាទជ័យវរ័ន្មទី៧បានផ្តើមឡើងដោយប្រវត្តិវិទូ វីកទ័រ ហ្គូលូប៊េវ  (Victor Goloubew) នៅឆ្នាំ១៩៣៤។ លោកបានស្វែងរកឃើញចម្លាក់លាននៅបរិវេណប្រាសាទភ្នំបាខែង អំពីការព្យាបាលរោគហាក់ដូចជាជំងឺឃ្លុង តែលោកមិនអាចកំណត់អត្តសញ្ញាណថាជាព្រះមហាក្សត្រដូចទៅតាមការអះអាងរបស់អ្នកស្រុកថា ព្រះបាទជ័យវរ្ម័នទី៧ បានកើតឃ្លុង។  ការអះអាងរបស់អ្នកស្រុកគឺផ្អែកទៅតាមរូបសំណាក់ព្រះយមរាជមានសំបុរដូចមនុស្សកើតឃ្លុងតម្កល់លើលានឋាននរកខាងឆ្វេងបំផុតនៃព្រះបរមរាជវាំងអង្គរធំ បើតាមភាសាអ្នកស្រុក ពួកគាត់បានហៅព្រះយមរាជថាជា «ព្រះគំលង់» ដែលតំណាងឲព្រះបាទ ជ័យវរ្ម័នទី៧ បន្ទាប់ពីទ្រង់កើតឃ្លុងនោះឯង។ ប៉ុន្តែលោកស្រីផល្លីកាបានបដិសេធពីរឿងនេះថា៖ «យើងអង្កេតឃើញថា មានការភ័នច្រឡំច្រើនអំពីរូបសំំណាក់នានា។ ឧទាហរណ៍រូបព្រះយមរាជ ដែលដាក់នៅលើសំណង់ឋាន នរក ឫលានជល់ដំរី បែរជាត្រូវបានអ្នកស្រុកហៅថា «ព្រះគំលង់» ទៅវិញ ដូចគ្នានេះដែរនៅខាងក្រោយឈៀងខាងឆ្វេងនៃទីសក្ការៈព្រះអង្គចេកព្រះអង្គចមក៏មានការតាំងរូបព្រះយមរាជដូចគ្នានេះដែរ ប៉ុន្តែត្រូវបានអ្នកស្រុកហៅថាជា «យាយទេព» ទៅវិញ ។ សម្រាប់អ្នកប្រវត្តិសាស្ត្រ វាគឺជាចម្ងល់របស់យើងថាហេតុអ្វីបានជារូបព្រះយមរាជ ត្រូវបានអ្នកស្រុកភ្ជាប់ទៅនឹង ព្រះបាទជ័យវរ្ម័នទី៧? ទន្ទឹមនឹងការស្រាវជ្រាវរបស់យើង យើងបានរកឃើញចម្លើយដ៏ភ្ញាក់ផ្អើលមិនដែលមានការលើកឡើងពីមុន ហើយនោះគឺជាទំនាក់ទំនងសេចក្តីស្រលាញ់ និងស្អប់មួយ។»

 

ប្រាសាទបាយ័ន

 

រឿងនិទានដែលអ្នកស្រុកបានដឹងហាក់ជាចេតនាបញ្ចប់ប្រវត្តិរបស់ព្រះបាទជ័យវរ័ន្មទី៧ត្រឹមរូបភាពដ៏អាម៉ាស ប៉ុន្តែនៅបន្សល់ទុកចន្លោះប្រហោងដែលមិនបាននិយាយដល់នោះគឺ ព្រះអគ្គមហេសីដ៏សំខាន់របស់ទ្រង់ ព្រនាង ឥន្ទ្រទេវី។  «សម្រាប់ការស្រាវជ្រាវព័ត៍មានទាំងនេះ គឺនឹងផ្តល់តម្រុយដល់យើងក្នុងការឈានទៅរកការកំណត់អត្តសញ្ញាតិ្តពិតប្រាកដរបស់ទ្រង់ផ្សេងពីរូបដែលយើងបានស្គាល់ស្រាប់» អ្នកស្រីបញ្ជាក់បែបនេះនៅពេលដែលគាត់ព្យាយាមអោនពន្យល់ខ្ញុំក្នុងជំនួបដាច់ដោយឡែកនៅហាងកាហ្វេមួយក្នុងរាជធានីក្បែរវិមានឯករាជ្យ។ ពោរពេញទៅដោយប្រាកដភាព លោកស្រីបានបន្តពន្យល់លក្ខណៈបច្ចេកទេសវិភាគទៀតថា៖ «រូបមន្តគឺដូចគ្នាទៅនឹងព្រះឆាយាល័ក្ខរបស់ព្រះបាទសូរ្យវរ័ន្មទី២ ដែលបានឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត ដែលយើងអាចយក មកប្រើដើម្បីកំណត់ថាតើព្រះបាទជ័យវរ្ម័នទី៧ មានភិនភាគបែបណានៅលើផ្ទាំងចម្លាក់។ ដើម្បីធ្វើដូឆ្នេះបានយើងត្រូវទៅអង្កេតលើប្រាសាទដែលទ្រង់បានកសាងឡើង។ នៅពេលដែលយើងស្គាល់អត្តសញ្ញាណរបស់ទ្រង់ហើយ វាក៏អនុញ្ញាត្តិឲយើងអាចស្រង់ទិដ្ឋន័យបន្ថែមទៀតអំពីទ្រង់ ហើយឈានទៅរកការសន្និដ្ឋានថាមានអ្វីកើតឡើងចំពោះព្រះអង្គទាំងពីរនៅទីបញ្ចប់»។ ព្រះបាទជ័យវរ្ម័នទី៧ជាបងប្អូនជីទួតមួយរបស់ព្រះបាទសូរ្យវរ័្មនទី២ ហើយព្រះអង្គនេះហើយជាមហាក្សត្រតំបូងគេ ដែលបានយកព្រះពុទ្ធសាសនាមហាយានជាសាសនារបស់រដ្ឋ។ ក្នុងរាជ្យរបស់ទ្រង់ក្រៅពីការបន្តការសាងសង់ប្រាសាទធំៗដើម្បីបង្ហាញអំពីអំនាចស្មើរនឹងអទិទេពជាប្រពៃណីរាប់រយឆ្នាំមកហើយនោះ លើសពីនេះព្រះអង្គក៏បានបំពេញអាណាចក្ររបស់ទ្រង់ដោយសេវាសាធារណៈដូចជា មន្ទីពេទ្យ សាលាសំណាក់ សាលារៀន ហេដ្ឋារចនាសម្ព័ននានា ដើម្បីតភ្ជាប់ទីក្រុងសំខាន់ទាំងឡាយ និងធ្វើឱ្យចលនាសេដ្ឋ កិច្ចរីកចម្រើនដល់ចំនុចកំពូល។ ប្រាសាទបាយ័នគឺជាសំណង់ប្រាសាទបែបពុទ្ធនិយមដ៏ធំបំផុតរបស់ព្រះអង្គ សង់ចំអង្កត់ផ្ចិតនៃរាជធានីយសោធបុរៈមានលក្ខណៈបើកទូលាយខុសពីប្រាសាទអង្គរវត្តបែបព្រាហ្មណ៍សាសនា ដ៏ល្បីល្បាញដែលហុំព័ន្ធជិតដោយរបងថ្ម។ ព្រះរាជាខ្លាំងពូកែអង្គនេះ ត្រូវបានលោក ល័ស ហ្វីន័ត (Louis Finot) អ្នកស្រាវជ្រាវបារាំងប្រដូចព្រះអង្គទៅនឹងស្តេចល័ស៧ (Louis VII)  របស់បារាំងក្នុងពេលតំណាលគ្នានោះដែរ។ ព្រះអង្គមិនបានតុបតែងប្រាសាទបាយ័នរបស់ទ្រង់ដោយចម្លាក់ពិព័ណនាពីទេវកថានោះទេ តែពីជីវភាពរស់ នៅប្រចាំថ្ងៃដ៏រស់រវើករបស់រាជវង្សានុវង្ស និងប្រជារាស្រ្តរបស់ព្រះទ្រង់។ លក្ខណៈសំណង់ទៀតសោតហាក់បើកទូ លាយដល់សាធាណៈជន ប្រើប្រាស់ប្រាសាទនេះដើម្បីបូជាដល់ព្រះពោធិសាត់ក្នុងព្រះពុទ្ធសាសនាមហាយាន។

davata.org

ពាក្យមួយឃ្លាដែលមានន័យរាប់ពាន់ឆ្នាំបង្កប់ដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅគឺ «ទុក្ខរបស់ប្រជារាស្ត្រ គឺជាទុក្ខរបស់ទ្រង់ផ្ទាល់» បានស្តែងចេញទស្សនៈវិស័យរបស់ព្រះអង្គក្នុងការភ្ជាប់ព្រះកាយទ្រង់ផ្ទាល់កៀកទៅនឹងប្រជានុរាស្ត្រកម្វុជទេស លើសពីការបន្តមរតកពីបណ្តាអតីតព្រះមហាក្សត្រនៃលទ្ធិព្រាហ្មណ៍ ដែលស្និតនឹងពួកព្រាហ្មបុរោហិតជាង។ ព្រះបាទជ័យវរ្ម័នទី៧ បានចំណាយពេលភាគច្រើនរបស់ទ្រង់ក្រៅព្រះបរមរាជវាំងដ៏ស្តុកស្តម ដើម្បីតស៊ូក្នុងសមរភូមិ និងបានរំដោះកម្វុជទេសពីនឹមត្រួតត្រារបស់ ចាម។ ទ្រង់មានមហេសីដ៏ឈ្លាស់វៃពីរព្រះអង្គដែលជាពុទ្ធសាសនិកជនដ៏ខ្ជាប់ខ្ជួន។ ព្រះនាងជ័យរាជទេវី ក្នុងនាមជាអគ្គមហេសី ទ្រង់គឺជាគម្រូនៃវិរៈភាពនៃភាពស្មាមី ភ័ក្របំផុតចំពោះស្វាមីរបស់ទ្រង់បានពលីជីវិតរបស់ខ្លួនបំពេញការបួងសួងនៅពេលដែលព្រះរាជាកំពុងឋិតក្នុងសមរភូមិ ចំណែកព្រះនាងឥន្ទ្រទេវី គឺជាស្ត្រីដែលទទួលបានការអប់រំខ្ពស់ និងពោពេញទៅដោយសមត្ថភាពក្នុងការចាត់ចែងកិច្ចការអប់រំ ដែលកាន់តែបើើកទូលាយទៅដល់ស្ត្រី និងសាធារណៈជនដែលកំពុងតែមានភាពមន្ទិលចំពោះការគ្រប់គ្រងរបស់ស្តេចអទិទេពនៃសាសនាព្រាហ្មណ៍ បន្ទាប់ពីទីក្រុងអទិទេពរបស់ខ្លួនត្រូវបានសត្រូវឈ្លានពានបាន។ ប្រហែលជាឋិតក្នុងកាលទេសបែបនេះហើយ ដែលទ្រង់បានសម្លឹងទៅដល់ការកែទម្រង់ប្រព័ន្ធនយោបាយពីព្រាហ្មណ៍និយម មកពុទ្ធនិយមវិញដែលបានកែរខៃប្រវត្តិសាស្រ្តកម្ពុជានៃឥសីកម្ពុ ពីអតីតកាល មកជាប្រទេសដ៏រុងរឿងប្រកបដោយពុទ្ធិបំផុតមួយរបស់ពិភពលោកនាសម័យកាលនោះ។ មហិច្ចតានេះគឺមានភាពចម្រូងចម្រាស់ និងប៉ះពាល់ខ្លាំងទៅនឹងការបែងចែកលាភសក្ការៈរបស់ពួកព្រាហ្មបុរោហិតដែលមានអំនាចខ្លាំងក្នុងជួររាជការ ជាប្រពៃណីតមករាប់រយឆ្នាំមកហើយ។  កំនែរទម្រង់របស់ទ្រង់ គឺជាសញ្ញាណនៃការចាប់ផ្តើមប្រឆាំងនឹងរបបគ្រង់គ្រងហួសសម័យដែលធ្លាប់បានការពារផលប្រយោជន៍របស់ពួកព្រាហ្មបុរោហិត ដើម្បីរក្សាជម្រោងអំនាចឲរ៉ឹងម៉ាំសម្រាប់បណ្តាអតីតព្រះមហាក្សត្រ។ ជំនឿបែបថ្មីនៃសាសនាព្រះពុទ្ធនាំឲយោងទៅដល់ការលើកស្ទួយដល់ផលប្រយោជន៍ប្រជានុរាស្ត្រជាធំ ដែលបន្តូចបង្អាក់ និងគំរាមកំហែងដល់សារៈសំខាន់នៃរបៀបគ្រប់គ្រង់អំណាចរបស់លទ្ធិព្រាហ្មណ៍ ប៉ុន្តែនយោបាយថ្មីនេះប្រហែលជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រះនាងឥន្ទ្រៈទេវីដែលជាអគ្គមហេសីរបស់ទ្រង់។ «យើងចង់បង្ហាញឱ្យអ្នកជំនាន់ថ្មីបានដឹងថាព្រះអគ្គមហេសីទាំងពីរព្រះអង្គគឺមានឥទ្ធិពលណាស់ក្នុងវិធីអនុវត្តន៍រាជកិច្ចដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ដូចមានភស្តុតាងបានបង្ហាញស្រាប់។ ផ្អែកតាមរូបចម្លាក់នៅប្រាសាទបាយ័ន កាយវិការសំពះដ៏ទន់ភ្លន់របស់ទ្រង់នៅលើរាជរុដ្ឋនិងសកម្មភាពនានាដែលបានធ្លាក់លើផ្ទាំងថ្មបានផ្តល់ព័ត៍មានថាព្រះអង្គទាំងបីអង្គនេះ បានលើកតម្កើងប្រជានុរាស្ត្ររបស់ទ្រង់ ហើយក៏បង្ហាញថាព្រះមហាក្សត្រ និងមន្រ្តីគឺមានវត្តមានក្នុងន័យបម្រើប្រជារាស្ត្រ លើសពីនេះការផ្តួចផ្តើមឱ្យមនុស្សទូទៅក្រៅពីពួកព្រាហ្ម បានសិក្សារៀនសូត្រ រួមទាំងការការអនុញ្ញាត្តិឲស្រ្តីបានសិក្សារៀនសូត្ររួមនឹងបុរសក៏ប្រឆាំងនឹងផ្នត់គំនិតសាសនាព្រាហ្មណ៍ដែរ។»

The two queens (Devata.org)

ឧបសគ្គរបស់លោកស្រីតំបូងៗគឺការព្យាយាមកំណត់អត្តសញ្ញាណរបស់ព្រះមហេសីទាំងពីរព្រះអង្គ ហើយវាកើតឡើងនៅពេលដែលលោកស្រីចាប់ផ្តើមការអង្កេតទៅលើចម្លាក់នៅតាមជញ្ជាំងប្រាសាទបាយ័ន ក្នុងនោះលោកស្រីចាប់អារម្មណ៍ចំពោះរូបអប្សរាពីរអង្គឈរស្ទួនគ្នាស្វាគមន៍គ្រប់ច្រកទ្វាចូលទៅកាន់ប្រាសាទបាយ័នដែលមានភិនភាគដូចគ្នាទៅនឹងរូបអប្សរាដែលគាត់បានប្រទះឃើញនៅឯប្រសាទតាព្រហ្ម ដែលមានលក្ខណៈពិសេសប្លែកគេ ដោយមានស្នាកស្នាមដាំត្បូងស៊ឹងគ្រប់ទីកន្លែងលើរាងកាយ និងចញ្ចើម។ «គេបានប្រាប់ខ្ញុំថារូបចម្លាក់អប្សរាទាំងអស់នោះគឺជាស្រីរបាំលំអរប្រាសាទ ប៉ុន្តែខ្ញុំមានចម្ងល់ចំពោះភាពខុសគ្នាលើចំនុចលំអិតផ្សេងៗដែលសិល្បករបានឆ្លាក់។ ពួកគេមានកាយវិការ គ្រឿងអលង្ការពិសេសៗ និងឈរលើទម្រ ហើយមានស៊ុម ដែលរឹតតែពិសេសទៀតនោះគឺរូបរាងមុខមាត់ប្រហាក់ប្រហែលគ្នា ហើយតែងតែហែរហមពីក្រោយតួរអង្គដែលយើងអាចកំណត់បានថាជាព្រះមហាក្សត្រ»។

កងទាហានចាម

ផ្អែកតាមសិលាចារិកព្រះខ័នបានបង្ហាញថាព្រះបាទជ័យវរ័ន្មទី៧ មានមហេសីពីរព្រះអង្គដែលជាបងប្អូនស្រីបង្កើតនឹងគ្នា។ ព្រះមហេសីទាំងពីរ គឺជាពុទ្ធសាសនិកដ៏ខ្ជាប់ខ្ជួន និងជាសាស្រ្តាចារ្យដ៏ឆ្លាតវៃ។ បើទោះបីជាសិលាចារឹកនេះបានបង្ហាញថាព្រះនាងឥន្ទ្រទេវី គឺជាបងស្រីបង្កើតរបស់ ព្រះនាងជ័យរាជទេវី ដែលបានរៀបអភិសេកបន្ទាប់ពីការយាងចូលទិវង្គត់របស់ព្រះនាងជ័យរាជទេវីក្តីប៉ុន្តែចម្លាក់មួយនៅប្រាសាទបាយ័នបានបង្ហាញពីវត្តមានរបស់ព្រះនាងឥន្រ្ទទេវីមានបុត្រមួយព្រះអង្គគង់នៅពីក្រោយព្រះបាទ ជ័យវរ័ន្មទី៧ ដែលគង់ទល់ព្រះភ័ក្រនឹងព្រះនាងជ័យរាជទេវីដែលមានបុត្រយ៉ាងហោចណាស់៥ព្រះអង្គ ដែលប្រហាក់ប្រហែលនឹងការដឹងតាមសិលាចារិក។ ព្រះបាទជ័យវរ័ន្មទី៧ បានឡើងសោយរាជ្យសម្បត្តិបន្ទាប់ពីទ្រង់បានយកឈ្នះពីការលុកលុយរបស់ចាមដែលជាអ្នកប្រកាន់យកសាសនាព្រាហ្មណ៍។ បន្ទាប់ពីការរងចាំយ៉ាងស្ងប់ស្ងៀមអស់រយៈពេល១៥ឆ្នាំ ព្រះអង្គបានផ្លាស់ប្តូរសាសនារបស់រដ្ឋពីព្រាហ្មណ៍សាសនា មកកាន់ព្រះពុទ្ធសាសនាមហាយានស្របពេលដែលសាសនានេះ កំពុងចុះឥទ្ធិពលលើផ្នែកនយោបាយក្នុងចំនោមប្រជា រាស្ត្រដែលកំពុងងាកទៅរកព្រះពុទ្ធសាសនាវិញ។ នេះប្រហែលជាធ្វើឱ្យមានជម្លោះដល់ពួកព្រាហ្មបុរោហិត។ ក្នុងរាជ្យព្រះអង្គគេឃើញមានសំណង់ប្រាសាទជាច្រើនបានសង់ឡើងដើម្បីឧទិ្ទសដល់ក្រុមគ្រួសារព្រះអង្គ និងព្រះពោធិ៍សាត់ហើយពេលខ្លះ អទិទេពរបស់ពួកព្រាហ្មក៏ត្រូវបានឆ្លាក់គោរពទៅដល់ព្រះពុទ្ធផងដែរ។ ប៉ុន្តែចម្លាក់ដែលតែងបង្ហាញពីការគោរពដ៏ស្មោះស្ម័គ្ររបស់ត្រីក្សត្រជំពោះព្្រះពោធិ៍សាត់ មិនបានប្រទះឃើញទៀតទេក្រោយ ពីទ្រង់បានបាត់ព្រះកាយទៅ តែបានជំនួសមកវិញនូវចម្លាក់របស់ទ្រង់ និងព្រះមហេសីទាំងពីរព្រះអង្គគោរពចំពោះព្រះឥសូរ អទិទេពសាសនារបស់ពួកព្រាហ្មបុរោហិតទៅវិញ ដែលត្រូវបានគេឆ្លាក់នៅរាជ្យក្រោយមកទៀត ជាសង្ស័យបច្ច័យដែលគួរឲយើងកត់សំគាល់ថារូបភាពបែបនេះគឺមានលក្ខណៈផ្ទុយទាំងស្រុងទៅនឹងចម្លាក់របស់ទ្រង់នៅប្រាសាទបន្ទាយឆ្មាដែលសង់ឡើងដើម្បីឧទ្ទិសដល់ស្រីន្ទកុមារា ព្រះរាជាទាយាទរបស់ទ្រង់ដែលបានសុគតនៅក្នុងសមរភូមិជាមួយចាមដែលកាន់សាសនាព្រាហ្មណ៍។ ចម្លាក់នៅទីនោះហាក់ បានបង្កប់នូវការទាស់ទែងគ្នាក្នុងសាសនា និងការខឹងសំបាររបស់ទ្រង់យ៉ាងខ្លាំងចំពោះសាសនាព្រហ្មណ៍ ដែលកាលនោះជាសាសនារបស់សត្រូវដែលបានសម្លាប់រាជបុត្ររបស់ទ្រង់។ រូបចម្លាក់ដែលលោកស្រី ផល្លីកាបានកំនត់ថាជាព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានសិល្បៈករឆ្លាក់ដោយមានកាយវិការប្រហារជីវិតទៅលើពួកព្រាហ្ម ដោយព្រះអង្គឈរលើខ្នងដំរីយ៉ាងអង់អាចលើកធ្នូបាញ់ព្រះឥសូរទំលាក់ចុះក្រោមជាដើម។ នេះប្រហែលជាសាររបស់ព្រះអង្គចំពោះពួកព្រាហ្មដែលប្រហែលជាបានរៀបចំផែនការដើម្បីទាមទារអំនាចមកឱ្យពួកព្រាហ្មណ៍និយម ឫប្រហែលជាបានចូលដៃជាមួយសត្រូវ។ នៅក្នុងសៀវភៅត្រីក្សត្របានចង្អុលបង្ហាញទៀតថាមានជម្លោះសាសនាដ៏ធំមួយ ហើយព្រះអង្គប្រហែលជាត្រូវបានពួកព្រាហ្មណ៍ ឫយ៉ាងហោចណាស់មានការគាំទ្រពីពួកព្រាហ្មមិនពេញចិត្តនឹងរបបគ្រប់គ្រងរបស់ទ្រង់ដែលយកមហេសីជាទីប្រឹក្សាដោយការ ធ្វើគត់ដើម្បីប្លន់អំនាចពីព្រះអង្គ និងព្រះនាងឥន្ទ្រទេវីមក វិញ។ ព្រះនាងឥន្ទ្រទេវីប្រហែលជាមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងវិស័យការពារជាតិ។ ចម្លាក់នៅប្រាសាទបាយ័នមួយផ្ទាំងបានបង្ហាញពីសកម្មភាពជាចំហររបស់ទ្រង់កំពុងបូជាដល់ទង់សម្រាប់ ទ័ពដោយមានព្រះបាទជ័យវរ័្មនគង់ថ្វាយផ្កាឈូកពីក្រោយ។ ដូចគ្នានេះដែរចម្លាក់នៅតាមប្រាសាទសំខាន់ៗដែលបានសាងសង់ឡើងក្នុងរាជ្យព្រះអង្គដូចជា ប្រាសាទព្រះខ័ន បន្ទាយក្តី បន្ទាយឆ្មា ជាដើមសុទ្ធតែបង្ហាញពីព្រះរាជ្យតួរនាទីសំខាន់ៗរបស់ស្រ្តីលើសសម័យកាលណាណាទាំងអស់ដូចមានការលើកឡើងក្នុងសិលាចារឹកមន្ទីពេទ្យមួយថា៖

“Filled with a deep sympathy for the good of the world,the King swore this oath,all the being who are plunged in the ocean of existence,may I draw them out by virtue of this good work,and may the King of Cambodia who come after me,attached to goodness..attain with their wives,dignitaries and friends the place of deliverance where there is nomore illness.” «ពោរពេញទៅហើយក្តីមេត្តាសម្រាប់អំពើើល្អនៃពិភពលោក ព្រះមហាក្សត្រ សូមបានសច្ចា ឲអស់សព្វសត្វដែលបានធ្លាក់ក្នុងសាគរនេះ សូមឲខ្ញុំអាចដកពួកគេចេញអំពីទុក្ខដោយអំពើល្អនេះ ហើយសូមឲ្យបណ្តាព្រះមហាក្សត្ររបស់កម្ពុជាដែលស្នងរាជ្យក្រោយៗមកទៀតជាប់ជំពាក់នឹងសេចក្តីល្អ រួមជាមួយនឹងព្រះមហេសី ព្រមទាំងមន្ត្រីរាជការ មិត្តទាំងឡាយរំដោះចាកផុតពីទីនៃរោគទាំងពួង»។

«យើងរកឃើញមានការកោសលុបរូបនៅថែវទ្វារខាងត្បូងនៅប្រាសាទបាយ័ន ដែលយើងបានសន្មត់ថាជារូបព្រះនាងជ័យរាជទេវី និងឥន្រ្ទទេវី។ យើងដឹងថាក្រោយពីព្រះអង្គទាំងពីរសុគតទៅ មានការជ្រែករាជ្យ និងអំពើហឹង្សាទៅលើព្រះពុទ្ធសាសនាដូចមានការកោសរូបព្រះពុទ្ធរូបនៅតាមប្រាសាទនានា ដូចយ៉ាងប្រាសាទបាយ័ន និងប្រាសាទតាព្រហ្មជាដើម តែយើងឆ្ងល់ថាហេតុអ្វីបានជាព្រះឆាយាល័ក្ខព្រះនាងត្រូវបានគេកោសលុបដែរ? ជាពិសេសគឺនៅថេវខាងត្បូងដែលជាទិសសំខាន់ក្នុងសាសនាព្រាហ្ម យើងសង្ស័យថាពួកព្រាហ្មបុរោហិតមិនសប្បាយចិត្តនឹងវត្តមាន នៃព្រះរាជតួរនាទីរបស់មហេសីដ៏មានឥទ្ធិពលទាំងពីរអង្គនេះទេ ព្រោះពួកគេ (ព្រាហ្ម) ប្រហែលជាបានបាត់ផលប្រយោជន៍នៅពេលដែលព្រះអង្គទាំងបី ឫត្រីក្សត្ររួមគ្នាធ្វើកំណែរទម្រង់ប្រព័ន្ធនយោ បាយ ហេតុនេះហើយយើងអាចរាប់ថាជាការសងសឹក»។

នេះមិនមែនជាការបញ្ជាក់ពីការសន្និដ្ឋានរបស់លោកស្រីទាំងស្រុងនោះទេ។ ថ្វីត្បិតរូបចម្លាក់របស់ត្រីក្សត្រត្រូវបានគេរកឃើញគ្រប់ទីកន្លែងតាមពុទ្ធនិយមក្តី តែគេក៏រកឃើញផងដែររូបចម្លាក់របស់ព្រះអង្គ និមិត្តជាទេពក្នុងសាសនាព្រាហ្មណ៍ផ្សេងៗដែលសង់ឡើងក្នុងរាជ្យរបស់ទ្រង់ ប៉ុន្តែអ្វីដែលគួរឲភ្ញាក់ផ្អើលនោះ នាពេលក្រោយ មកទៀត ត្រីក្សត្រក៏ប្រទះឃើញឆ្លាក់នៅបាតនៃលានព្រះគំលង់ ឫជាឋាននរកដែលគេសង់បន្ថែមនៅខាងឆ្វេងលានជល់ដំរី ឫវាលព្រះមេរុ ដែលតាមប្រពៃណីរបស់ក្សត្រក្នុងព្រះពុទ្ធសាសនាគួរតែជាទីតាំងសម្រាប់សង់ព្រះចុល្លាមុន្នីចេតេយ្យដែលតម្កល់នៅឋានត្រៃត្រឹងនេះបើតាមការចង្អុលបង្ហាញរបស់លោកស្រី។

«វាមិនមែនផ្អែកតែលើឯកសារប្រវត្តិសាស្ត្រដែលគេធ្វើឡើងពឹងផ្អែកលើសិលាចារឹក និងការចងចាំនានាហើយយើងអាចសន្មត់ចំពោះរឿងរ៉ាវដែលបានកើតឡើងនៅពេលនោះបានទេ ខណៈពេលដែលរូបពិតរបស់ព្រះអង្គនៅតែមានភាពស្រពិចស្រពិលនៅឡើយកាលពីអតីតកាល។ យើងដឹងថាឯកសារទាំងនោះត្រូវបានសរសេរឡើងដោយអ្នកស្រាវជ្រាវជំនាន់មុន ដោយផ្អែកលើភ័ស្តុតាងដែលពួកគេអាចរកបាននៅជំនាន់នោះ។ ប៉ុន្តែជាការពិត ការស្រាវជ្រាវទាំងនោះអាចនឹងមានការខ្វះចន្លោះ»។ នេះគឺជាឆ្លើយតបនឹងសំនួរមួយដែលលើកឡើងដោយខេមរជននិយាយភាសារបារាំងម្នាក់ដែលចូលរួមស្តាប់នឹងលើកយោបល់អំពីការខ្វែងគ្នានឹងព្រឹត្តិការណ៍ដែលបានកត់ចូលក្នុងប្រវត្តិពង្សសាវតាខ្មែរ។

លោកស្រី ង៉ីន ផល្លីការ អ្នកស្រាវជ្រាវ និងសរសេរសៀវភៅ «ត្រីក្សត្រ» បានចំណាយពេលមួយរយៈចុងក្រោយនេះរស់នៅខេត្តសៀមរាប ដើម្បីអង្កេតលំអិតទៅលើចម្លាក់នៅតាមប្រាសាទនានាដែលបានកសាងឡើងក្រោមរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ដូចគ្នានេះដែរបទបង្ហាញរបស់លោកស្រីស្តីពីបំណកស្រាយអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះបាទជ័យវរ័ន្មទី៧ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្រ្ទទេវី នៅឯមជ្ឈបណ្ឌលធនធានសោតទស្សបុប្ផាណា កាលពីពេលកន្លងទៅនេះ បានធ្វើឲខ្ញុំផ្តោតយកចិត្តទុកដាក់ជាខ្លាំង បើទោះជាការពិតនៅពីក្រោយប្រវត្តិសាស្ត្រដែលបានលុងលោចទៅអស់រាប់រយឆ្នាំមកហើយយ៉ាងណាក្តី ប៉ុន្តែវាហាក់ញ៉ាំងជាបច្ច័យឲយើងចាប់ផ្តើមធ្វើការស្រាវជ្រាវបន្ថែមដោយខ្មែរខ្លួនឯង ដើម្បីស្វែងយល់ពីព្រឹត្តិការណ៍នយោបាយពីអតីតកាលរបស់ខ្លួនដែលបានជះឥទ្ធិពលមកដល់បច្ចុប្បន្ន ដើម្បីអនុញ្ញាត្តិឲយើងចាប់ផ្តើមធ្វើកិច្ចការថ្មីដែលប្រសើរជាងពេលមុន។

ដោយ៖ ឥលិហ្សូវណ្ណ ច័ន្ទរស្មី

មតិអ្នកអានក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ភ្ជាប់ទំនាក់ទំនងជាមួយ
Loading...